- សេចក្ដីលម្អិត
- Daily Realty Group
- 05 ឧសភា 2020
- 3185
បន្ទាប់ពីមានកំណើនយ៉ាងខ្ពស់កាលពីឆ្នាំ ២០១៩ វិស័យសំណង់ត្រូវបាន WB ព្យាករថានឹងធ្លាក់ចុះមកវិញនៅក្នុងឆ្នាំនេះ។ ហេង ជីវ័ន |
||
ភ្នំពេញៈ វិស័យសំណង់នៅកម្ពុជាត្រូវបានព្យាករថានឹងត្រូវធ្លាក់ចុះក្នុងឆ្នាំ ២០២០ នេះខណៈការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់ការរីកចម្រើននៃសេដ្ឋកិច្ច។ នេះបើតាមធនាគារពិភពលោក (WB)។ សេចក្តីប្រកាសព័ត៌មានរបស់ WB កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាបានរងការប៉ះទង្គិចយ៉ាងដំណំពីការផ្ទុះជំងឺកូវីដ១៩ ដែលរុញឲ្យម៉ាស៊ីនកំណើនសេដ្ឋកិច្ចធំៗរបស់កម្ពុជាដូចជាឧស្សាហកម្មទេសចរណ៍ និងសំណង់ធ្លាក់ចុះខ្សោយយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។ ជាក់ស្តែងការនាំចូលដែកថែបក្នុងខែមករា ឆ្នាំ ២០២០ បានថយចុះយ៉ាងគំហុក ៤១,៣ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ |
តាម WB សេណារីយោបន្ទាត់គោលកំណើនក្នុងឆ្នាំ ២០២០ ត្រូវបានព្យាករទុកថា នឹងថយល្បឿនមកនៅត្រឹម ២,៥ ភាគរយ ខណៈកាលពីឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចមានរហូតដល់ ៧,១ ភាគរយ។
យោងតាម WB «ប្រសិនបើផលប៉ះទង្គិចនេះហៀរទៅដល់វិស័យសំណង់ និងអចលនទ្រព្យដែលជាផ្នែកសំខាន់ៗនាំមកនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងខណៈដែលទីផ្សារហិរញ្ញវត្ថុមានចលាចល វាអាចនឹងជះឥទ្ធិពលអាក្រក់មែនទែនដល់កំណើនរបស់កម្ពុជា»។
WB បានបង្ហាញក្តីបារម្ភនៃការប្រែប្រួលស្ថានភាពទីផ្សារអចលនទ្រព្យបន្ទាប់ពីការរីកដុះដាលផ្នែកសំណង់ និងការជួញដូរដីធ្លីពុះកញ្ជ្រោលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កំណើនក្នុងការផ្តល់ឥណទានដល់វិស័យសំណង់/អចលនទ្រព្យ/ការទិញដោយបង់រំលស់ (នៅពេលដែលវិស័យទាំងនេះពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីប្រទេសចិន) និងកម្ចីដែលមិនទាន់បានទូទាត់នៅក្នុងកម្រិតខ្ពស់នៅឡើយ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃពុធថា លោកមិនទាន់ហ៊ានវាយតម្លៃពីស្ថានភាពនៃវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០២០ ទេ តែលោកទទួលស្គាល់ថា សកម្មភាពនៃការសាងសង់ និងនាំចូលសម្ភារសំណង់នាដើមឆ្នាំនេះអាចនៅទ្រឹង ឬធ្លាក់ចុះបន្តិចបន្តួច។
លោកថ្លែងថា៖ «ឧបសគ្គនៃការដឹកជញ្ជូនទំនិញឆ្លងប្រទេសអាចជាមូលហេតុសំខាន់ដែលធ្វើឲ្យការនាំចូលសម្ភារសំណង់នាដើមឆ្នាំនេះធ្លាក់ចុះ»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាកាលពីឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃសរុប ១១,៤៣ ពាន់លានដុល្លារកើនឡើងជាង ៩៨,៧៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ ៥,៣១ ពាន់លានដុល្លារ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខ និងជាប្រធានក្រុមហ៊ុន Sam SN Realty លោក សំ សុខនឿន កាលពីថ្ងៃពុធបានប្រាប់ថា ការរាតត្បាតជំងឺកូវីដ១៩កំពុងធ្វើឲ្យចង្វាក់ផលិតកម្មនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាធ្លាក់ល្បឿនមួយកម្រិត តែមិនជាប់គាំងទេ។ ក្តីបារម្ភពីជំងឺនេះបានធ្វើឲ្យការផលិត ការដឹកជញ្ជូន និងការចែកចាយទំនិញគ្រប់ប្រភេទត្រូវបន្ថយល្បឿននៅគ្រប់ប្រទេសលើពិភពលោក។
លោកបន្ថែមថា៖ «វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាពិតជាកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃកូវីដ១៩ តែមិនធ្ងន់ធ្ងរទេ»។
លោកប្រាប់ទៀតថា ការធ្លាក់ល្បឿននៃការសាងសង់ពេលនេះក៏ដោយសារតែចំនួនកម្មករក្នុងវិស័យនេះធ្លាក់ចុះដែរ ព្រោះក្តីបារម្ភពីការឆ្លងកូវីដ១៩។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីពេលថ្មីនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសាងសង់សំណង់លំនៅឋានលក្ខណៈបុរី និងផ្ទះល្វែងដែលមានអតិថិជនជាអ្នកនៅក្នុងស្រុកគឺមានការធ្លាក់ចុះតិចតួច ប៉ុន្តែសម្រាប់សំណង់ធំៗដែលមានម្ចាស់ ឬអតិថិជនជាជនបរទេសគឺមានការធ្លាក់ចុះច្រើននាដើមឆ្នាំនេះ។
លោកនិយាយថា៖ «ក្តីបារម្ភទាក់ទងនឹងការរីករាលដាលនៃជំងីកូវីដ ១៩ បានធ្វើឲ្យគម្រោងធំៗមួយចំនួនសម្រេចផ្អាក ឬបន្ថយល្បឿនសាងសង់»។
យោងតាម WB ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ ២០២១ នឹងធ្វើឲ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពប្រសើរឡើងវិញនៅឆ្នាំក្រោយ៕