ព័ត៌មានលម្អិត

Olympia City កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន

Olympia City កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន
ទិដ្ឋភាពអគារធំៗជាច្រើននៃគម្រោង OLympia City ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ហុង មិនា

ភ្នំពេញៈ ទោះ​ជា​មាន​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​បាន​ពន្យារពេល ឬ​បន្ថយល្បឿន​ក្នុង​ការសាងសង់​នៅ​អំឡុង​ពេល​ដែល​ជំងឺ​កូវីដ​ ១៩ កំពុង​រីករាលដាល​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការសាងសង់​អគារ​ខ្ពស់​ជាងគេ​ចំនួន​ ២ ក្នុង​គម្រោង Olympia City របស់​ក្រុមហ៊ុន OCIC មិនបាន​បន្ថយល្បឿន​នោះទេ​។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​គម្រោង Olympia City​។

Olympia City គឺជា​គម្រោង​វិនិយោគ​ដ៏ធំ​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​លើ​ផ្ទៃដី​ជាង ៦ ​ហិកតា​។ ក្នុង​គម្រោង​នេះ​មាន​អគារ​សរុប​ចំនួន ១២ ដែល​រួមមាន​អគារ​ខុនដូ ផ្សារ​ទំនើប អគារពាណិជ្ជកម្ម អគារ​ការិយាល័យ និង​សណ្ឋាគារ​ជាដើម​។ ចាប់ផ្តើម​សាងសង់​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១២ បច្ចុប្បន្ន​មាន​អគារ​ខុនដូ​ចំនួន ៤ អគារ​ការិយាល័យ​ចំនួន ១ និង​ផ្សារ​ទំនើប​ចំនួន ១ បាន​បញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​។

លោក ម៉េង ចំរើន ប្រធាន​គ្រប់គ្រង​គម្រោង Olympia City បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា​ជាមួយ​នឹង​ក្តី​បំណង​ធ្វើឲ្យ​គម្រោង Olympia City ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​កន្លែង​រស់នៅ​ប្រកប​ដោយ​ភាពទាក់ទាញ និង​មាន​សោភណភាព​សម្រាប់​រាជធានី​ភ្នំពេញ ក្រុមហ៊ុន OCIC តែងតែ​ជំរុញ​ឲ្យ​ការសាងសង់​ឲ្យ​ដំណើរការ​ទៅមុខ​ជាប្រចាំ​។

លោក​បន្តថា ជាក់ស្តែង​អគារ​ធំៗ​ចំនួន ២ ក្នុង​គម្រោង Olympia City ដែលមាន​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​អគារ​ ១ មាន​កម្ពស់ ៥៥ ​ជាន់ ការសាងសង់​នៅពេលនេះ​សម្រេចបាន​ចំនួន​ ១៨ ​ជាន់​ហើយ ខណៈ​អគារ​កម្ពស់ ៣៨ ​ជាន់​ការសាងសង់​សម្រេចបាន ១៧ ​ជាន់​។

លោក​បាន​និយាយថា​៖ «​ជាមួយ​​នឹង​កម្មករ​ដែលមាន​ចំនួន​ប្រហែល ១ ០០០​ នាក់​នៅក្នុង​ការដ្ឋាន​គម្រោង Olympia City ទាំងមូល យើង​ឃើញថា ការសាងសង់​អគារ​ធំជាងគេ​ចំនួន​ ២ នៅក្នុង​គម្រោង​នេះ​កំពុងដំណើរការ​ទៅ​មុខជា​រៀងរាល់ថ្ងៃ ខណៈ​ការសាងសង់​អាច​នឹង​រួចរាល់​នៅក្នុង​អំឡុង​ឆ្នាំ​ ២០២២ ខាងមុខ​»​។

បើតាម​ផែនការ​ពីដំបូង​អគារធំ​ជាងគេ​ទាំង​ ២ ​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​អគារ​ការិយាល័យ និង​សណ្ឋាគារ​។ ទោះយ៉ាងណា​លោក ម៉េង ចំរើន បាន​និយាយថា​៖ «​អ្វីៗ​នឹង​អាច​ប្រែប្រួល​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ (​ទីផ្សារ​) តែ​ដំណើរ​ការសាងសង់​គឺ​មិនមាន​ការប្រែប្រួល​ទេ​»​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គម្រោង Olympia City គ្រោង​ចំណាយ​ប្រាក់​ប្រហែល ៥០០ ​លាន​ដុល្លារ​លើ​ផ្នែក​សំណង់​ដែល​ទំហំ​ទឹកប្រាក់​នេះ​មិន​រាប់បញ្ចូល​តម្លៃ​ដី​នៅ​តំបន់​នេះ​នៅឡើយ​ទេ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​និយាយថា Olympia City គឺជា​គម្រោង​ដែលមាន​ការវិវឌ្ឍ​ទៅមុខ​ឆាប់រហ័ស និង​មិន​មាន​ការផ្អាក ឬ​ពន្យារពេល​ការ​សាសង់​ឡើយ ទោះ​ជាមាន​គម្រោង​ប្រហាក់ប្រហែល​គ្នា​នេះ​មួយចំនួន​បន្ថយល្បឿន​សាងសង់​ក៏ដោយ​។ លោក​បន្តថា​ផ្អែកលើ​ទីតាំង Olympia City គឺជា​គម្រោង​ដែលមាន​សក្តានុពល​ខ្ពស់​ខ្លាំង ហេតុនេះ​ទោះ​ជា​គម្រោង​មួយចំនួន​មាន​បញ្ហា​ទីផ្សារ ឬ​ទុនវិនិយោគ​ក៏​ Olympia City មិនមាន​បញ្ហា​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​តែង​សង្កេតឃើញ​ថា គម្រោង​នេះ​មាន​ការរីកចម្រើន​ជាប្រចាំ និង​ទទួលបាន​អតិថិជន​ជា​បន្តបន្ទាប់​»​។

ទាក់ទង​នឹង​ទិដ្ឋភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេលនេះ​លោក សុខនឿន និយាយ​ថា​ជំងឺ​កូវីដ​ ១៩ កំពុង​ធ្វើឲ្យ​សកម្មភាព​ទិញ លក់ និង​ជួល នៅ​កម្ពុជា​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​។ លោក​និយាយថា​៖ «​កូវីដ​ ១៩ បានធ្វើ​ឲ្យ​អ្នក​ដែលមាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​គ្រប់​ប្រភេទ​មាន​ការរារែក ឬ​ផ្អាក​មួយរយៈ​សិន​។ ទោះយ៉ាងណា​ដំណើរការ​នេះ​មិនមែន​កើតមាន​តែ​ក្នុងប្រទេស​កម្ពុជា​នោះទេ​គឺ​ទូទាំង​ពិភពលោក​តែម្តង​»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៩ ក្រសួង​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​លើ​ផ្ទៃក្រឡា​សំណង់​សរុប ១៨,៥៤ ​លាន​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប្រមាណ ៩ ៣៥៣ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​គម្រោង​សាងសង់​សរុប ​២ ៨៦៧ ​គម្រោង​លើ​ផ្ទៃក្រឡា​សំណង់​សរុប​ ១១,៤២ លាន​ម៉ែត្រការ៉េ​ដែលមាន​តម្លៃ​ប្រមាណ ៥ ២២៨ ​លាន​ដុល្លារ​កើនឡើង ៧៨,៨៨ ​ភាគរយ​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញថា គិត​ត្រឹម​ខែតុលា​នៅ​កម្ពុជា​មាន​អគារ​កម្ពស់​ចាប់ពី ៣០ ​ជាន់​ឡើង​ទៅ​ចំនួន ១៣៣ ​អគារ​៕