ព័ត៌មានលម្អិត

PP Mega Mall ពន្យារពេល​បើក​ដំណើរការ​ទៅ​ចុងឆ្នាំ

PP Mega Mall ពន្យារពេល​បើក​ដំណើរការ​ទៅ​ចុងឆ្នាំ
អគារ​ដែល​ជា​ទីតាំង​របស់​ផ្សារ PP Mega Mall នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពេញៈ ពេលវេលា​នៃ​ការបើក​ដំណើរការ​ផ្សារ​ទំនើប The Phnom Penh Mega Mall កម្ពស់ ៩ ​ជាន់ ​ដែល​គ្រោង​ចាប់ផ្តើម​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ នេះ​ត្រូវបាន​ពន្យារ​ទៅ​ត្រីមាស​ទី​ ៤ វិញ ដោយសារ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងក្នុង​អគារ​នៅ​មិនទាន់​រួចរាល់​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ CBRE Cambodia​។

អគារ​ដែល​ចាប់ផ្តើម​សាងសង់​ដំបូង​ក្នុង​ឆ្នាំ​ ២០១២ នេះ​ដំបូង​ឡើយ​គ្រោង​ប្រើប្រាស់​ជា​ទីតាំង​ផ្សារ​ទំនើប​មកពី​ប្រទេស​ម៉ាឡេស៊ី Parkson Mall ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយចំនួន​រវាង​ម្ចាស់​អគារ និង​ប្រតិបត្តិករ​ផ្សារទំនើប​ម៉ាឡេស៊ី​មួយ​នេះ អគារ​នេះ​ក៏ត្រូវ​បាន​គេ​ទុកចោល​មួយរយៈ​។ ក្រោយមក​អគារ​នេះ​ក៏​ត្រូវបាន​ក្រុមហ៊ុន​​វិនិយោគ​បន្ត​ដើម្បី​បើក​ជា​ផ្សារ​ទំនើប The Phnom Penh Mega Mall​។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការធ្វើជា​ភ្នាក់ងារ​ទីផ្សារ​របស់​គម្រោង The Phnom Penh Mega Mall បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា កាលបរិច្ឆេទ​នៃ​ការបើក​ដំណើរការ​ផ្សារ​ទំនើប The Phnom Penh Mega Mall ត្រូវបាន​លើក​ទៅ​ត្រីមាស​ចុងក្រោយ ឆ្នាំ​ ២០២០ វិញ​ព្រោះ​ការរៀបចំ​រចនាសម្ព័ន​ខាងក្នុង​មិនទាន់​រួចរាល់​។

អ្នកស្រី​បន្តថា ការពន្យារ​ពេល​នេះ​គឺ​មិនមាន​ជាប់ទាក់ទង​ទៅនឹង​ស្ថានភាព​ទីផ្សារ​នោះទេ ដែល​មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រហែល ២០០ បាន​មក​ទាក់ទង​រក​ទីតាំង​ជួល​លក់​ផលិតផល​។

អ្នកស្រី​ថ្លែងថា ៧០-៨០ ​ភាគរយ​នៃ​ផ្ទៃក្រឡា​ជួល​សរុប​ត្រូវ​បាន​ក្រុមហ៊ុន​ជាច្រើន​ចាប់​អារម្មណ៍​ជួល​ដើម្បី​លក់​ផលិតផល​របស់ខ្លួន បើទោះ​ជា​ក្រុមហ៊ុន​ទាំងនោះ​មិនទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជួល​ជា​ផ្លូវការ​ក្តី ដោយសារ​ការពន្យារពេល​បើក​ដំណើរការ​ទីផ្សារ​នេះ​។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថ្លែងថា​៖ «​ជាន់​ទី​ ៨ ត្រូវបាន​អតិថិជន​ជួល​អស់ហើយ​»​។

អ្នកស្រី​ប្រាប់​ទៀត​ថា ក្នុងចំណោម​ទំនិញ និង​ផលិតផល​ដែល​នឹង​មាន​លក់​នៅក្នុង​ផ្សារ​ទំនើប​នេះ ២០ ​ភាគរយ ​នឹង​ជា​ម៉ាក​យីហោ​ថ្មី​លំដាប់​ពិភពលោក ដែល​មិន​ទាន់​មាននៅ​កម្ពុជា​។ អ្នកស្រី​មាន​ប្រសាសន៍​ថា​៖ «​នឹងមាន​ម៉ាក​ល្បីៗ​ជាច្រើន​ចូល​មក​បង្ហាញខ្លួន​ក្នុង​ផ្សារ​ទំនើប The Phnom Penh Mega Mall ដែលជា​ផ្សារ​ទំនើប​មាន​ទីតាំង​ល្អ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​»​។

អគារ​ដែលមាន​កម្ពស់ ៩ ​ជាន់ ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​មាន​ផ្ទៃក្រឡា​សរុប ៤៧ ០០០ ​ម៉ែត្រការ៉េ​នេះ​ នឹង​ត្រូវ​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

នៅ​ជាន់​ក្រោម​ដី​របស់​អគារ​នេះ​នឹង​ប្រើប្រាស់​ជា​ផ្សារ​ទំនើប និង​កន្លែង​លក់​ម្ហូបអាហារ ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​ ១ ជា​កន្លែង​លក់​សម្លៀកបំពាក់ (Fashion) ជាន់​ទី​ ២ ជា​កន្លែង​ក្មេងលេង​ជាន់​ទី​ ៣ ជា​កន្លែង​អាហារដ្ឋាន​ជាន់​ទី​ ៤ កន្លែង​លក់​អាហារ​ជាន់​ទី ​៥ ជា​កន្លែង​លក់​គ្រឿង​អេឡិចត្រូនិក​ជាន់​ទី​ ៦ ជា​មជ្ឈមណ្ឌល​សាលារៀន និង​ធនាគារ​ជាន់​ទី​ ៧ ជា​កន្លែង​ហាត់ប្រាណ និង​ជាន់​ទី​ ៨ ជា​រោងកុន និង​កន្លែង​លេង​កីឡា​បូលីង​ជាដើម​។

របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ជួល​លក់រាយ​សរុប​ចំនួន ១៩ ​អគារ​ដោយ​មាន​ផ្ទៃក្រឡា​សរុប ៣១៤ ០០០ ​ម៉ែត្រការ៉េ​កើនឡើង ១១,១១ ​ភាគរយ ធៀបនឹង​ឆ្នាំ​ ២០១៨ ដែលមាន​ផ្ទៃក្រឡា ២៨២ ៥៨០ ​ម៉ែត្រការ៉េ ស្មើនឹង ១៤ ​អគារ​។ ចំណែក​ឆ្នាំ​ ២០២០ នេះ​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​ជាង ២៦១ ៧៤៦ ម៉ែត្រការ៉េ​ដែល​ធ្វើឲ្យ​ផ្ទៃក្រឡា​អគារ​ជួល​លក់រាយ​នៅក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ដល់ ៥៧៥ ៧០០ ​ម៉ែត្រការ៉េ​៕