- សេចក្ដីលម្អិត
- Daily Realty Group
- 05 ឧសភា 2020
- 3132
ទិដ្ឋភាពសំណង់ដ៏ច្រើនស្អេកស្កះដែលលេចឡើងជាបន្តបន្ទាប់នៅកម្ពុជា។ ហុង មិនា |
||
ភ្នំពេញៈ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជានៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ នេះមានកំណើនជិត ៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលកំណើនភាគច្រើនមាននៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាន។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលត្រូវបានដកស្រង់ដោយបណ្តាញទូរទស្សន៍ BTV កាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា ចាប់ពីដើមខែមករារហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ឲ្យគម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេសដែលមានទុនវិនិយោគសរុប ១ ៩៩៦ លានដុល្លារ កើនឡើងជិត ៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ |
ក្នុងនោះគម្រោងដែលទទួលបានច្បាប់អនុញ្ញាតក្នុងរយៈពេលខាងលើមានចំនួន ៧២៨ គម្រោងកើនឡើង ២៨,១ ភាគរយ គឺពីចំនួន ៥៦៨ គម្រោង កាលពីឆ្នាំ ២០១៩។ ជាមួយគ្នានេះផ្ទៃក្រឡាសំណង់មានទំហំប្រមាណ ៤,២ លានម៉ែត្រក្រឡាកើនឡើងជិត ៣៤ ភាគរយ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួនគម្រោង និងទុនវិនិយោគដែលកើនឡើងក្នុងរយៈពេលខាងលើនេះគឺភាគច្រើនជាគម្រោងអភិវឌ្ឍន៍លំនៅឋាន។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា សកម្មភាពនៃការវិនិយោគលើវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ ២០២០ ពិតជាមានដំណើរការល្អទាំងគម្រោងថ្មីៗ និងគម្រោងចាស់ដោយក្នុងអំឡុងពេលនោះទាំងអ្នកវិនិយោគ និងអ្នកពាក់ព័ន្ធសុទ្ធតែមិនមានក្តីបារម្ភ ឬជួបបញ្ហាថវិកា ឬការផ្គត់ផ្គង់សម្ភារក្នុងវិស័យសំណង់ទេ។
លោកបានថ្លែងថា៖ «កាលពីដើមឆ្នាំគម្រោងសាងសង់ទាំងលក្ខណៈលំនៅឋានផ្ទាល់ដី និងគម្រោងធំៗសុទ្ធតែមានភាពមមាញឹកដូចគ្នា និងកំពុងស្ថិតក្នុងភាពវិជ្ជមានទាំងអស់»។
ទោះជាយ៉ាងណាលោកប្រាប់ថា ស្ថានភាពនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ចាប់តាំងពីជំងឺកូវីដ១៩ បានបន្តរីករាលដាលកាន់តែខ្លាំងទៅដល់ប្រទេសជាច្រើនលើពិភពលោក។
សម្រាប់រយៈដំណើរវិវឌ្ឍន៍នៃវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះលោក វណ្ណា អះអាងថានឹងអាស្រ័យថា តើជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់នៅពេលណា។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់សន្និដ្ឋានថា វិស័យសំណង់នៅកម្ពុជានឹងមានដំណើរវិវឌ្ឍន៍បែបណាទេនៅក្នុងឆ្នាំនេះដោយអ្វីៗវាអាស្រ័យថា តើជំងឺនេះនឹងបន្តអូសបន្លាយពេលយូរប៉ុនណា»។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែកាលពីសប្តាហ៍មុនលោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យសាងសង់នៅកម្ពុជាមានដំណើរវិវឌ្ឍន៍ល្អនៅមុនអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការដ្ឋានជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ទោះបីយ៉ាងណាសកម្មភាពនៃការសាងសង់បានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីមានរកឃើញអ្នកឆ្លងជាបន្តបន្ទាប់នៅកម្ពុជា។
លោកបាននិយាយថា៖ «នៅដើមឆ្នាំមុនមានការរីករាលដាលជំងឺកូវីដ ១៩ វិស័យសំណង់នៅកម្ពុជាបានបន្តភាពវិជ្ជមានជាបន្តបន្ទាប់»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត មិនទទួលទូរស័ព្ទកាលពីថ្ងៃពុធ ប៉ុន្តែកាលពីពាក់កណ្តាលខែមីនាកន្លងមក លោកបាននិយាយថា វិស័យសំណង់នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២០ មានកំណើនទាំងទុនវិនិយោគ និងចំនួនគម្រោងដែលបានដាក់ពាក្យស្នើសុំសាងសង់។
លោកលើកឡើងថា៖ «ក្នុងវិស័យសំណង់នៅកម្ពុជារហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២០ នេះយើងសង្កេតឃើញថា ឥតទាន់មានការថយចុះទេ ផ្ទុយទៅវិញការស្នើសុំសាងសង់ជាគម្រោងដែលបានដាក់ស្នើសុំកើនឡើង ហើយបើគិតជាទុនវិនិយោគមានការកើនឡើងសឹងតែទ្វេដង»។
ទោះបីយ៉ាងណាលោក សេង ឡូត លើកឡើងថា ចាប់ពីខែមីនាទៅមុខលោកមិនហ៊ានអះអាងបែបណានោះទេ ដោយក្រុមការងារជំនាញរបស់ក្រសួងកំពុងរង់ចាំពិនិត្យមើលលើភាពជាក់ស្តែង។
បើតាមលោក សេង ឡូត បច្ចុប្បន្នមានវិនិយោគិនបរទេសចំនួន ១៨ ប្រទេសដែលកំពុងបោះទុនវិនិយោគនៅកម្ពុជាដែលនាំមុខដោយប្រទេសចិន កូរ៉េ និងប្រទេសជប៉ុន។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃប្រមាណ ១១,៤៣ ពាន់លានដុល្លារ កើនឡើងជាង ៩៨,៧៤ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ ៥,៣១ ពាន់លានដុល្លារ៕